កំពង់ស្ពឺ៖ រថយន្តដឹកលើសទម្ងន់ជាច្រើនគ្រឿងកំពុងដឹកជញ្ជួន ថ្ម ខ្សាច់ លើផ្លូវនានាទូទាំងខេត្តកំពង់ស្ពឺ បានយ៉ាងរលូន ពុំបានរំខានដល់សមត្ថកិច្ចនិងអាជ្ញាធរក្រុងច្បារមន ប៉ុន្តែរថយន្តដឹកជញ្ជូនធុនធំទាំងនោះ បានរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋដែលមានផ្ទះអមសង្ខាងផ្លូវ និងសុវត្ថិភាពការធ្វើដំណើរទៅរៀនសូត្ររបស់សិស្សានុសិស្ស និងការធ្វើដំណើរការងាររបស់កម្មករ កម្មារិនី រោងចក្រ ប្រជាពលរដ្ឋ រស់នៅស្របផ្លូវនេះមានការព្រួយបារម្ភ អំពីសុវត្ថិភាពកូនចៅរបស់ពួកគាត់។
ផ្លូវបេតុងមួយខ្សែនេះ បានតភ្ជាប់ពីវត្តម្រុំខាងត្បូង ឆ្ពោះទៅផ្លូវលេខ១៣០ វត្តអំពែភ្នំ ហើយផ្លូវនេះ ត្រូវបានរថយន្តធំៗ ដឹកថ្ម ខ្សាច់ មានទាំងរថយន្តកុងតឺន័រ រថយន្តវ៉េអង យីឌុប រថយន្តកង់៦ កង់៨ កង់១០ និងរថយន្តជាច្រើនគ្រឿងទៀត កំពុងដឹកជញ្ជូនថ្ម ខ្សាច់ អាចម៍ដី លើសចំណុះ ទាំងយប់ ទាំងថ្ងៃ បានបំផ្លាញផ្លូវ បង្កើតបានជាជង្ហុក គ្រលុក និងប្រេសថ្នល់ ខូចខាតសម្បត្តិរបស់រដ្ឋដែលចំណាចថវិកាអស់រាប់ម៉ឺន សែន ដុល្លារ។
ប្រជាពលរដ្ឋដែលរស់នៅអមសង្ខាងផ្លូវបេតុងមួយខ្សែរនេះ បានធ្វើការអំពាវនាវ និងសំណូមពរ ដល់ឯកឧត្តម បណ្ឌិត អភិបាលខេត្តកំពង់ស្ពឺ លោកស្នងការនគរបាលខេត្ត លោក អភិបាលក្រុងច្បារមន និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ជួយអន្តរាគមន៍ លើរថយន្តធំៗដឹកថ្ម ខ្សាច់ ដែលបានឃើញ (ស្លាកសញ្ញាហាមបើកបរ) ដាក់ដោយមន្ទីរសាធារណការ និងដឹកជញ្ជួនខេត្តកំពង់ស្ពឺ តែម្ចាស់រថយន្តធំៗទាំងនោះនៅតែ គឃ្លើនបើកបរដឹកជញ្ជួដោយមិនខ្លាចញញើតច្បាប់ ឬអាជ្ញាធរមានសមត្ថកិច្ចឡើយ។ ពួកគាត់ទទួចស្នើសុំ ឲ្យអាជ្ញាធរ ជួយថែរក្សាផ្លូវ បេតុងដែលទើបនឹងធ្វើរួច និងទើបបានធ្វើដំណើរស្រួល បានរយ:ពេលប្រមាណ ជិតពីរឆ្នាំមកនេះ ឲ្យបានល្អផង។ ផ្លូវបេតុងមួយខ្សែរដែល រថយន្តធំតូច កំពុងបំផ្លាញនេះ ជាថវិកា ជាតិ ហើយផលប្រយោជន៍ បានទៅលើ ឈ្មួញអ្នករកសុីមួយក្តាប់តូចតែប៉ុណ្ណោះ សូមគិតប្រយោជន៍ជាតិ និង ប្រជាពលរដ្ឋជាធំផងទាន៕ដោយ:អ៊ុំ ចិត្រា