
កំពង់ស្ពឺ៖ ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦
ក្រោយពីទទួលដំណឹងដ៏សោកសៅ នៃឧប្បត្តិហេតុគ្រោះធម្មជាតិ ដ៏រន្ធត់បង្ករដោយរន្ទះបាញ់បានឆក់យកជីវិតនិងរងរបួសធ្ងន់មនុស្សចាស់ក្មេងរហូតដល់៥រូប ម្សិលមិញនេះ ក្រោមការយកចិត្តទុក្ខដាក់ខ្ពស់ពីឯកឧត្តម ហ៊ុន ម៉ានី ប្រធានក្រុមការងារចុះជួយខេត្តកំពង់ស្ពឺ ថ្ងៃនេះឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងលោកជំទាវ ព្រមទាំងឯកឧត្តម លោកជំទាវ និងលោក លោកស្រីប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត បានអញ្ជើញចុះសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត ជាមួយក្រុមគ្រួសារនៃសពដែលបានបាត់បង់ជីវិត និងជនរងគ្រោះ ក្នុងឧប្បត្តិហេតុគ្រោះធម្មជាតិ (រន្ទះបាញ់) កាលពីពេលថ្មីៗនេះ។
គួររំលឹកផងដែរថា កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៦ មានករណីបាតុភូតធម្មជាតិរន្ទះបាញ់មួយ បានកើតឡើងមកលើប្រជាពលរដ្ឋចំនួន ០៥នាក់ ស្ថិតនៅត្រង់ចំណុចវាលស្រែ ភូមិព្រៃឫស្សី ឃុំជាំសង្កែ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ក្នុងគ្រោះថ្នាក់ដ៏គួរឱ្យអាសូរនេះ បានបណ្តាលឱ្យបាត់បង់ជីវិតចំនួន ០៣នាក់ ប្រុស២នាក់ និងស្រី ១នាក់ និងរងរបួសចំនួន ០២នាក់។
នៅក្នុងឱកាសដ៏ក្រៀមក្រំនោះ ឯកឧត្តមបណ្ឌិតអភិបាលខេត្ត បានសម្តែងនូវការសោកស្តាយជាពន់ពេក និងបានពាំនាំនូវការសាកសួរសុខទុក្ខ ព្រមទាំងការចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារសព។ ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិត ក៏បាននាំយកនូវថវិកា និងស្បៀងអាហារ ឧបត្ថម្ភជួយដល់គ្រួសារសព និងជនរងគ្រោះ ដើម្បីជួយសម្រាលការលំបាកក្នុងគ្រាដ៏លំបាកនេះផងដែរ។
ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតធម្មជាតិ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ នៅក្នុងរដូវវស្សានេះ ដោយត្រូវតាមដានការបម្រែបម្រួលអាកាសធាតុជាប្រចាំ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ជាយថាហេតុផ្សេងៗ៕
ជាមួយគ្នានេះដែរអំណោយសួរសុខគ្រួសារសព ក្នុង ១គ្រួសារួមមាន៖ អង្ករ ១០០គីឡូ, មី ៤កេស, ទឺកត្រី ស៊ីអ៊ីវ ២យួរ, ប្រេង ២ដប, ត្រីខ ២យួរ និងថវិកា ២លានរៀល ។
អំណោយផ្តល់ជូនអ្នករងរបួសរួមមាន៖ អង្ករ ៥០គីឡូ, មី ១កេស, ទឺកត្រី ស៊ីអ៊ីវ ១យួរ, ប្រេង ១ដប, ត្រីខ ១យួរ និងថវិកា ១លានរៀល ៕
ដោយ:APN.SPH.KH
