កំពង់ស្ពឺ៖ ក្រុមចោរប្លន់ម៉ូតូដ៏កក្រើកប្រចាំស្រុកបសេដ្ឋ និងស្រុកភ្នំស្រួច ចំនួន៦នាក់ត្រូវបានកម្លាំងជំនាញព្រហ្មទណ្ឌនគរបាលខេត្តកំពង់ស្ពឺធ្វើការបង្ក្រាបបានហើយ ក្រោយពីក្រុមចោរប្លន់ខាងលើធ្វើសកម្មភាពស្ទាក់វាយប្លន់យកម៉ូតូពីជនរងគ្រោះបានសម្រេច ហើយព្យាយាមរត់គេចខ្លួន។
ការបង្ក្រាបក្រុមចោរប្លន់ដ៏កក្រើកចំនួន០២ស្រុកបានធ្វើឡើងកាលពីល្ងាចថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥ ដោយបានការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់ពី លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ និងការសម្របសម្រួលនីតិវិធី ពីឯកឧត្ដមព្រះរាជអាជ្ញា អយ្យការអមសាលាដំបូងខេត្ដកំពង់ស្ពឺ កំលាំងនគរបាលព្រហ្មទណ្ឌ ដឹកនាំផ្ទាល់ពីលោកឧត្ដមសេនីយ៍ត្រី សម សាក់ ស្នងការរង បញ្ជាផ្ទាល់អធិការនគរបាលស្រុកបសេដ្ឋ អធិការនគរបាលស្រុកភ្នំស្រួច ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានសហការធ្វើការស្រាវជ្រាវរហូតឈានទៅធ្វេីការកំណត់មុខសញ្ញាបក្ខពួកក្រុមចោរប្លន់ខាងលើ(ក្រុមលួចដោយមានស្ថានទម្ងន់ទោស) ។
សមត្ថកិច្ចខេត្តកំពង់ស្ពឺបាននិយាយឱ្យដឹងថា÷ បើតាមការបញ្ជាក់ពីលោកអធិការនគរបាលស្រុកភ្នំស្រួចថា កាលពីវេលាម៉ោង០២និង២០នាទីរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥កន្លងទៅ នៅមុខផ្ទះលក់ចាប់ហួយនិងលក់សាំង ស្ថិតនៅក្នុងភូមិរស្មីសាមគ្គី ឃុំជាំសង្កែ ស្រុកភ្នំស្រួច មានករណីលួចដោយមានស្ថានទម្ងន់ទោស(មានក្រុមចោរបានធ្វើសកម្មភាពស្ទាក់វាយប្លន់យកម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ ពាក់ផ្លាកលេខ ភ្នំពេញ1GB-9039) ដែលមានក្រុមជនសង្ស័យចំនួន៦នាក់មិនស្គាល់អត្តសញ្ញាណ បានជិះម៉ូតូចំនួន០៣គ្រឿងប្រើ កាំបិតបុ័ងតោ ដាវ និងខ្សែក្រវ៉ាត់ធ្វេីសកម្មភាព ។
សមត្ថកិច្ចខេត្តកំពង់ស្ពឺបានបន្តថា÷ ក្រោយពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះរួចមក សមត្ថកិច្ចនគរបាលជំនាញព្រហ្មទណ្ឌបានធ្វើការស្រាវជ្រាវនិងឈានទៅធ្វើការឃាត់ខ្លួនមុខសញ្ញាក្រុមចោរប្លន់ដ៏កក្រើកចំនួន៦នាក់ កាលពីល្ងាចថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥នេះ៖ ជនសង្ស័យ ទី១~មានឈ្មោះសេង ឡុង ភេទប្រុស អាយុ១៩ឆ្នាំមុខរបរមិនពិតប្រាកដ ទី២~មានឈ្មោះ ផាវ ថេត ភេទប្រុស អាយុ១៤ឆ្នាំ ទី៣~ឈ្មោះអ៊ុន សុខគា ភេទប្រុស អាយុ១៧ឆ្នាំ ទី៤~ឈ្មោះ គឿង ប៊ុនណា ភេទប្រុស អាយុ១៨ឆ្នាំ ទី៥~ឈ្មោះ សែត ឆាត ភេទប្រុស អាយុ២៣ឆ្នាំមុខរបរមិនពិតប្រាកដ និងទី៦~មានឈ្មោះ ភា សំណាង ភេទប្រុស អាយុ២០ឆ្នាំមុខរបរមិនពិតប្រាកដ មិនទាន់ស្គាល់អស័យដ្ឋានក្រុមចោរប្លន់ទាំង៦នាក់នៅឡើយនោះទេ។ ក្រោយឃាត់ខ្លួនក្រុមចោរប្លន់ខាងលើនគរបាល ដកហូតម៉ូតូចំនួន០៣គ្រឿង និង(រកឃេីញម៉ូតូរបស់ជនរងគ្រោះ០១គ្រឿង -ម្សៅក្រាមពណ៌សថ្លាសង្ស័យគ្រឿងញៀនចំនួន០៤កញ្ចប់-កាំបិតកែច្នៃ០១ដើម-ពូថៅ០២ដើម-ទូរស័ព្ទដៃ០៣គ្រឿង-កាតាបស្ពាយសំរាប់ដាក់ពូថៅ០១និង-ក្បាំងម៉ូតូផ្នែកខាងមុខមួយចំនួនផងដែរ។
សមត្ថកិច្ចខេត្តកំពង់ស្ពឺបានបញ្ជាក់ថា÷ បើយោងតាមចម្លើយសារភាពរបស់ក្រុមជនសង្ស័យខាងលើធ្លាប់បានធ្វើសកម្មភាពប្លន់យកម៉ូតូបានចំនួន០៣លើកមកហើយនៅក្នុងភូមិសាស្រ្ដខេត្ដកំពង់ស្ពឺ។ ចំពោះក្រុមជនសង្ស័យទាំង៦នាក់ខាងលើនគរបាលជំនាញបន្ដសាកសួរនិងពិនិត្យករណីនេះបន្ថែមទៀតលេីករណីកេីតហេតុដែលបង្កឡេីងដោយក្រុមចោរប្លន់យ៉ាងសកម្មនេះ។
បច្ចុប្បន្នក្រុមចោរប្លន់ដ៏កក្រើកស្រុកចំនួន០២ ត្រូវបាននាំខ្លួនយកទៅកាន់ស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ ដេីម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការ អមសាលាដំបូងខេត្តកំពង់ស្ពឺ ចាត់ការបន្តតាមផ្លូវច្បាប់ ៕ដោយ:APN