ខេត្តព្រៃវែង ៖ កាលពីរសៀលថ្ងៃពុធ ៤រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែងអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំបូកសរុបការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៥ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅទីស្តីការក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) ។
យោងតាមការថ្លែងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានទាញការកត់សម្គាល់ថា នៅក្នុងអំឡុងពេលនៃការប្រឈមមុខសត្រូវឈ្លានពានថៃ ដែលឯកឧត្តម បានបញ្ជាឱ្យអគ្គស្នងការដ្ឋាននគរបាលជាតិ ផ្អាកការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកជាបណ្ដោះអាសន្ន ករណីគ្រោះថ្នាក់ចរាចរណ៍ក្នុងរយៈពេលនេះ បានហក់ឡើងខ្ពស់ជាងអំឡុងពេលធម្មតា ដែលមានន័យបញ្ជាក់ថា ការរឹតបន្តឹងច្បាប់នៅតែជាកិច្ចការចាំបាច់បំផុត បន្ទាប់ពីសភាពការណ៍ព្រំដែនកម្ពុជា-ថៃ ធូរស្រាល។
ឯកឧត្ដមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី ក៏បានណែនាំឱ្យរដ្ឋបាលខេត្តមួយចំនួន រៀបចំសិក្សាលើការបង្កើតសួនសុវត្ថិភាពចរាចរណ៍សិប្បនិម្មិតនៅតាមទីតាំងមួយចំនួន ព្រោះសួននេះមិនត្រឹមតែសម្រាប់សិស្សានុសិស្សនោះទេ ប៉ុន្តែក៏សម្រាប់បង្ហាញដល់សាធារណជន ឱ្យចូលសិក្សាស្វែងយល់បន្ថែមលើអ្វីដែលបានរៀននៅសាលាបើកបរ ដើម្បីពង្រឹងការយល់ដឹងអំពីច្បាប់ ការគោរពសិទ្ធិអាទិភាព បច្ចេកទេស និងក្រមសីលធម៌នៃការបើកបរ៕ដោយ:apn