លេចឮថាមានជនសង្ស័យចំនួន០២នាក់ ហែកគុកលួចរត់ចេញពីពន្ធនាគារខេត្តកំពង់ស្ពឺទាំងយប់មិនរំខានដល់អ្នកយាម
ខេត្តកំពង់ស្ពឺ៖ លេចឮព័ត៌មានថាមានជនជាប់សង្ស័យចំនួន០២នាក់បានហែកគុកលួចរត់ចេញពីពន្ធនាគារខេត្តកំពង់ស្ពឺដោយសុវត្ថិភាព ខណៈដែលមន្ត្រីពន្ធនាគារយាមកាមយ៉ាងយកចិត្តទុកដាក់ បែរជាជនជាប់សង្ស័យទាំង០២នាក់នោះហែកគុកលួចរត់គេចខ្លួនបានដោយរលូន ហើយក៏ឃើញមានខាងអគ្គនាយកដ្ឋានពន្ធនាគារចុះមកត្រួតពិនិត្យដែរ។ ប៉ុន្តែហាក់បីដូចជា លាក់លៀមព័ត៌មានស្ងាត់ឈឹងទៅវិញ។
បើតាមប្រភពព័ត៌មានបានបង្ហើបឱ្យដឹងថា ជនជាប់សង្ស័យចំនួន០២នាក់ដែលហែកគុកលួចរត់គេចខ្លួនបានសម្រេចកាលពីយប់ថ្ងៃទី២៦~ឈានចូលថ្ងៃ២៧ ខែកក្កដា ឆ្នាំ២០២៥ ស្ថិតនៅក្នុងភូមិត្រស់សាលា សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។
ប្រភពព័ត៌មានបានបន្តថា ក្រុមជនសង្ស័យដែលហែកគុករត់គេចខ្លួនបាត់មិនដោយសុវត្ថិភាពនោះ មិនទាន់ស្គាល់ឈ្មោះ និង ជាប់ពាក់ពន្ធ័និងករណីបទល្មើស និងជាប់ទោសប៉ុន្មានឆ្នាំនោះទេ ។ដោយលេចឮថាមានទោសជាប់ខ្លួនតុលាការកាត់ជម្រះមួយរឿងរួចហើយ នៅច្រើនករណីទៀត ទើបក្រុមជនសង្ស័យនាំគ្នាហែកគុករត់គេចខ្លួនតែម្តងទៅ។
ប្រភពព័ត៌មានបានបង្ហើបទៀតថា ការហែកគុករត់គេចខ្លួនដោយសុវត្ថិភាពរបស់ក្រុមជនសង្ស័យចំនួន០២នាក់ខាងលើនេះ កាលពីថ្ងៃទី២៧~២៨ ខែកក្កដា ឆ្នាំ២០២៥នេះ ក៏ឃើញមានមន្ត្រីអគ្គនាយកដ្ឋានពន្ធនាគារចុះមកពិនិត្យផងដែរ ប៉ុន្តែលទ្ធផលនៃការអង្កេតស្រាវជ្រាវស្វែងរកក្រុមជនសង្ស័យទាំង០២នាក់ខាងលើនោះ ហាក់បីដូចជារាវម្ជុរបាតសមុទ្រអញ្ចឹង។
ពាក់ព័ន្ធព័ត៌មាននិងការហែកគុករត់គេចខ្លួនរបស់ក្រុមជនសង្ស័យខាងលើនេះ អ្នកយកព័ត៌មានយើងបានទូរស័ព្ទទៅលោក ទីន សុវណ្ណនី ប្រធានពន្ធនាគារខេត្តកំពង់ស្ពឺដើម្បីសួរនាំរឿងក្រុមជនសង្ស័យហែកគុកលួចរត់ដោយសុវត្ថិភាពនោះដែរ ប៉ុន្តែតេចូលចំនួន០២ដង មិនមានអ្នកទទួល៕ដោយ:APN