ភ្នំពេញ៖ ប្រជាពលរដ្ឋកំពុងកើតការងឿងឆ្ងល់យ៉ាងខ្លាំង ហេតុអ្វីទំនិញ សាច់សត្វផ្សេងៗតែងនាំចូលពីវៀតណាម ហើយដល់រាជធានីភ្នំពេញ ត្រូវរកឃើញថាអត់ច្បាប់? តើនៅព្រំដែនអត់មានមន្ត្រី ឬមន្ត្រីទម្លាក់ចោលតួនាទីភារកិច្ចរបស់ខ្លួន?ឬឥទ្ធិពលដុល្លារបាំងមុខ?
គួរបញ្ជាក់ថា កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅសាច់គោបង្កក និងភ្លៅមាន់បង្កកប្រមាណ ៨តោន បានលួចដឹកតាមច្រកព្រំដែនក្នុងខេត្តកណ្តាល ដល់កណ្តាលរាជធានីភ្នំពេញ ទើបចាប់បាន ហើយរកឃើញថាអត់ច្បាប់។
នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥នេះទៀត ស្លាបមាន់បង្កកប្រមាណ ១០០កេស ស្មើ១៥០០គីឡូទៀតហើយ ត្រូវបានរកឃើញនាំចូលពីប្រទេសវៀតណាម ដោយគ្មានលិខិតស្នាមអនុញ្ញាត។
លោក ហ៊ុន សារ៉ាត់ អនុប្រធានអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វបានឱ្យដឹងថា ស្លាបមាន់បង្កកទាំងនេះ បានដឹកចេញពី ប្រទេសវៀតណាម ដោយគ្មានលិខិតអនុញ្ញាត។ បច្ចុប្បន្នក្រុម អន្តរាគមន៍បានយកវត្ថុតាងខាងលេីទុកនៅទីតាំងចត្តាឡីស័កដេីម្បីអនុវត្តតាមនីតិវិធី។ ការបណ្តែតបណ្តោយទំនិញ សាច់បង្កកលួចនាំចូលកម្ពុជា ដោយគ្មានច្បាប់ គ្មានការត្រួតពិនិត្យច្បាស់លាស់ គេមិនអាចដឹងពីគុណភាពទំនិញ ឬសាច់បង្កកនោះឡើយ។
ចំណីអាហារជាប់ពាក់ព័ន្ធយ៉ាងសំខាន់ចំពោះសុខភាពប្រជាពលរដ្ឋ។ អាហារល្អសុខភាពល្អ អាហារមានបញ្ហានាំឱ្យប្រជាពលរដ្ឋកើតជំងឺតម្កាត់ផ្សេងៗ។ ជំងឺ នឹងធ្វើឱ្យប៉ះពាល់សេដ្ឋកិច្ចគ្រួសារ សេដ្ឋកិច្ចជាតិ ប៉ះពាល់នយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាល។
ការបណ្តែតបណ្តោយឱ្យទំនិញ សាច់បង្កកចូលកម្ពុជា ដោយគ្មានច្បាប់ ក៏ធ្វើឱ្យបាត់ប្រភពចំណូលរបស់ជាតិ តាមរយៈការប្រមូលពន្ធគយផងដែរ៕ដោយ:apn