បើតាមការផ្សាយរបស់ទំព័រហ្វេសប៊ុកទូរទស្សន៍ជាតិកម្ពុជាប្រចាំខេត្តបន្ទាយមានជ័យ ហេតុការណ៍នេះ បានកើតឡើងនារសៀលថ្ងៃទី១៥ ខែកក្កដា។ ការហាមឃាត់របស់ទាហានថៃ បានធ្វើពលរដ្ឋខ្មែរ តវ៉ា ហើយស្រែកថា «ប្រាសាទនេះជារបស់ខ្មែរ»។
ការនិយាយបែបនេះ បានធ្វើឱ្យក្រុមទាហានថៃ ខឹង ហើយបានប្រមូលផ្តុំគ្នាសម្រុកឡើងប្រាសាទ ដើម្បីរុញច្រានពលរដ្ឋខ្មែរ ដែលជាម្ចាស់ប្រាសាទ។
កម្លាំងទ័ពកម្ពុជា ក៏បានឡើងលើប្រាសាទដើម្បីដោះស្រាយគ្នា ហើយ
ភ្លាមៗលោកឧត្តមសេនីយ៍ត្រី នាក់ វង្ស មេបញ្ជាការកងពលតូចថ្មេីរជើងលេខ៤២ បានប្រាប់ទៅមេបញ្ជាការទាហានថៃ ឲ្យដកកម្លាំងត្រឡប់ទៅវិញ។
កាលពីចុងសប្តាហ៍កន្លងមក នៅលើទីតាំងដដែល អតីតទាហានព្រៃថៃមួយរូប និងម្នាក់ទៀតស្លៀកពាក់ស៊ីវិល បានរុញច្រាន និងលួចវាយលើទាហានខ្មែរ ហើយនាំគ្នារត់ផាសក្រញាំ។
ចំពោះករណីដ៏អសីលធម៌នេះ លោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីការពារជាតិ ទាមទារឱ្យមានការសូមទោសជាសាធារណៈ និងគំរាមប្តឹងទៅតុលាការ៕ដោយ:សួន ពិសិត