ក្រុមហ៊ុនផលិតទឹកសុទ្ធចំនួន ០២ កំពុងផ្ដល់ទឹកពិសារឥតគិតថ្លៃ ជូនដល់ប្រជាពលរដ្ឋ នៅវត្តពោធិ៍ ៥០០០ដើម!
អង្គការ និងក្រុមហ៊ុនផលិតទឹកសុទ្ធចំនួន ០២ រួមមានអង្គការ ១០០១ (O.We) និងក្រុមហ៊ុន គូឡារ៉ា វ៉ធើរ Kulara Water (ផលិតទឹករ៉ែធម្មជាតិ អូគូលែន) បាននិងកំពុងផ្តល់ទឹកពិសារជាប្រចាំដោយឥតគិតថ្លៃ សម្រាប់ប្រជាពលរដ្ឋដែលបានមកស្នាក់នៅវត្តពោធិ៍ ៥០០០ដើម ស្រុកគូលែន ស្របទៅនឹងការស្នេីសុំពី លោក ប៉ែន ជឹង អភិបាលស្រុក។ ការផ្ដល់ជូននេះ នឹងបន្ដជាបន្ដបន្ទាប់ទៀត ដេីម្បីធានាថាប្រជាពលរដ្ឋដែលជម្លៀសខ្លួនមកតាំងស្នាក់នៅក្នុងជំរុំសុវត្ថិភាព មានទឹកពិសារគ្រប់គ្រាន់។
ក្នុងនោះ៖ អង្គការទឹកសុទ្ធ ១០០១ (O.We) បានផ្តល់ជូនទឹកចំនួន ២០០កាដុង ស្មើនឹង ៤,០០០លីត្រក្នុងមួយថ្ងៃ និងក្រុមហ៊ុន គូឡារ៉ា វ៉ធើរ ផ្តល់ជូនទឹកដោយប្រើរថយន្តដឹកជញ្ជូន ដែលជួនកាលចំនួន ១រថយន្ត ឬ ២រថយន្ត ក្នុងមួយថ្ងៃ ចាប់តាំងពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ រហូតមកទល់បច្ចុប្បន្ន (ប្រមាណជា ៥ម៉ឺនលីត្រត្រូវបានផ្ដល់រួចរាល់មកហេីយ) ទៅតាមតម្រូវការជាក់ស្តែង និងការផ្តល់ដំណឹងពីក្រុមការងារប្រចាំការនៅវត្តពោធិ៍ ៥០០០ដើម៕ដោយ:សួន ពិសិត