នៅរសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានដឹកនាំក្រុមការងារ អញ្ជើញចុះពិនិត្យទីតាំង និងកិច្ចប្រជុំការងារសន្តិសុខ ដើម្បីត្រៀមលក្ខណៈរៀបចំប្រារព្វពិធីរុក្ខទិវា ៩ កក្កដា ឆ្នាំ២០២៥ ក្រោមវត្តមានឯកឧត្តមសន្តិបណ្ឌិត យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ស្ថិតនៅស្រុកចំការលើ ខេត្តកំពង់ចាម។
ពិធីជាប្រវត្តិសាស្ត្រនេះ នឹងបានការយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
មកដល់ពេលនេះ ក្រុមការងារ នៃស្ថាប័នជំនាញ និងអាជ្ញាធរមូលដ្ឋាន បាននឹងកំពុងខិតខំយកចិត្តទុកដាក់ ក្នុងការរៀបចំគោលដៅជាមុន ដើម្បីសម្រួលដល់ការប្រព្រឹត្តទៅនៃពិធី ដែលនឹងឈានខិតជិតចូលមកដល់ នាពេលឆាប់ៗខាងមុខនេះ ជាពិសេស រៀបចំវេទិកាសម្រាប់ប្រារព្ធពិធី និងទីកន្លែងដាក់រថយន្តរបស់ថ្នាក់ដឹកនាំ ក៏ដូចជា ទីកន្លែងសម្រាប់ចតយានយន្ត របស់គណៈប្រតិភូ និងប្រជាពលរដ្ឋ ដែលត្រៀមចូលរួម ផងដែរ៕ដោយ:សំណាង