កំពត :កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ នៅបរិវេណរូបសំណាកត្រីសេះសមុទ្របាញ់ទឹកខេត្តកំពត បានរៀបចំព្រឹត្តិការណ៍ “រត់កម្សាន្តដើម្បីភាពញញឹមរបស់ទារក និងកុមារនៅកម្ពុជា” ក្នុងបំណងគៀរគរប្រមូលថវិកាបរិច្ចាគជូនទៅមូលនិធិគន្ធបុប្ផា។ ព្រឹត្តិការណ៍ដ៏ធំចុងក្រោយនេះ បានប្រព្រឹត្តទៅដោយជោគជ័យ ដោយមានអ្នកចូលរួមប្រមាណជាង ១ពាន់នាក់ ខណៈដែលយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៥ ប្រមូលថវិកាបានជាង ៥លានដុល្លាអាមេរិក។
លោកជំទាវ ប៉ែន សុបភា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានប្រតិបត្តិក្រុមប្រឹក្សាបរធនបាល នៃមូលនិធិគន្ធបុប្ផាកម្ពុជាបានបញ្ជាក់ថា ការរត់ដើម្បីភាពញញឹមរបស់ទារក និងកុមារកម្ពុជា គឺធ្វើឡើងដើម្បីផ្សារភ្ជាប់សកម្មភាពកីឡា សក្តានុពលទេចរណ៍របស់ខេត្តកំពត ជាមួយនឹងកិច្ចការសប្បុរសធម៌ ពិសេសដើម្បីបំផុសស្មារតីខ្មែរជួយខ្មែរ ក្នុងការរួមគ្នារក្សានិរន្តរភាពមន្ទីរពេទ្យគន្ធបុប្ផាឱ្យអាចបន្តបេសកកម្មរបស់ខ្លួន។ លោកជំទាវបានបន្ថែមថា គិតត្រឹមថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២៥ សប្បុរសជនជាង ២៧ម៉ឺននាក់បានចូលរួមបរិច្ចាគក្នុងយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឹននាក់” ឆ្នាំ២០២៥ ដោយទទួលបានថវិកាប្រមាណជាង ៥លានដុល្លាអាមេរិក។
ក្នុងឱកាសនោះដែរ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងថា យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” សម្រាប់ជួយដល់មូលនិធិគន្ធបុប្ផាកម្ពុជា គឺពិតជាមានសារៈសំខាន់ណាស់ ហើយយើងគ្រប់គ្នាគួរតែនាំគ្នាចូលរួមបរិច្ចាគ និងចូលរួមបំផុសនៅគ្រប់មូលដ្ឋាន ដើម្បីជួយសង្គ្រោះជីវិតទារក និងកុមារនៅកម្ពុជា ដែលជាឈាមរបស់យើង។ ឯកឧត្តមអភិបាលខេត្តបានបន្តថា ការបង្កើតឱ្យមានយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៥នេះឡើង គឺដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពតទាំងអស់ ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេសបានចូលរួមបរិច្ចាកថវិកាដើម្បីទ្រទ្រង់ដល់មន្ទីរពេទ្យគន្ធបុប្ផា ជាមន្ទីរពេទ្យដែលបានសង្គ្រោះជីវិតកុមារកម្ពុជាជាច្រើនក្នុងមួយឆ្នាំៗ និងក្នុងគោលបំណងដើម្បីរួមគ្នារក្សានិរន្តរភាពមន្ទីរពេទ្យគន្ធបុប្ផា ព្រមទាំងអាចឱ្យមន្ទីរពេទ្យបន្តបេសកកម្មក្នុងការជួយសង្គ្រោះកុមារកម្ពុជាបន្តទៅមុខទៀត។
តាមការបញ្ជាក់ កម្មវិធីដាក់តាំងបង្ហាញស្តង់ និងរត់កម្សាន្ត “ដើម្បីភាពញញឹមរបស់ទារក និងកុមារនៅកម្ពុជា” គឺជាព្រឹត្តិការណ៍ធំចុងក្រោយនៃយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៥ សម្រាប់ជួយដល់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលការរត់មានចម្ងាយមានបីប្រភេទរួមមាន ចម្ងាយ ១០គីឡូម៉ែត្រ ចម្ងាយ ៥គីឡូម៉ែត្រ និងចម្ងាយ ៣គីឡូម៉ែត្រ៕ដោយ:វង្ស ចំរើន