កំពង់ចាម: នៅរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមរំលែកមរណទុក្ខនិងគោរពវិញ្ញាណក្ខន្ធសព អគ្គមហាឧបាសិកា ម៉ូន ស៊ូហ្វី ត្រូវជាម្តាយបង្កើត លោកជំទាវ ឃួន មុំ ជំនួយការផ្ទាល់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលបានទទួលមរណភាពនៅថ្ងៃពុធ ៨រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ៨:១៨នាទីព្រឹក ក្នុងជន្មាយុ ៧៥ឆ្នាំ ដោយជរាពាធ។
នាឱកាសនោះផងដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ទទួលបានកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុតពីសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ព្រមទាំងថ្នាក់ដឹកនាំផ្សេងទៀត សាច់ញាតិគ្រួសារនៃសព។
សពអគ្គមហាឧបាសិកា ង៉ុន ស៊ូហ្វី បានកម្កល់នៅគេហដ្ឋានលេខ៤៩ ផ្លូវ P២២ គម្រោងទី៧ បុរីប៉េងហួតបឹងស្នោ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណីនៃព្រះពុទ្ធសាសនា។
ក្នុងសមានទុក្ខដ៏ក្រៀមក្រំនោះ ឯកឧត្តម អភិបាលខេត្តកំពង់ចាម បានឧទ្ទិសបួងសួងសូមឲ្យវិញ្ញាណក្ខន្ធសព អគ្គមហាឧបាសិកា ង៉ុន ស៊ូហ្វី បានទៅសោយសុខក្នុងឋានសុខគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕ដោយ: សំណាង