សូមក្រសួងសាធារណការ និងដឹកជញ្ជូនភ្ញាក់ពីគេងហើយ ជួយឈូសសម្រួលផ្លូវ ផងទានប្រុស ព្រោះពលរដ្ឋចុះដើរលើផ្លូវជាតិបណ្តើៗហើយ!
ប្រជាពលរដ្ឋដែលធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៣ ពិសេស ចំណុចពីវាលរេញ ទៅត្រពាំងរពៅមានការលំបាកយ៉ាងខ្លាំងដោយសារផ្លូវខាងលើនេះរងការខូចខាតស្ទើរទាំងស្រុងទៅហើយ ជាក់ស្ដែងរថយន្តទាបៗចំណុចខ្លះរហូតដល់ជិះលែងកើតចុះដើរសិនក៏មាន។ បញ្ហាការរអ៊ូរទាំកំពុងតែត្រូវបានផ្ទុះឡើងតាមបណ្ដាញសារព័ត៌មាន និងបណ្ដាញសង្គម។
ចម្ងល់របស់ប្រជាពលរដ្ឋទាំងនោះលើកឡើងមិនខុសគ្នាពាក់ព័ន្ធនិងសាមីក្រសួងសាធារណការណ៍ និងដឹកជញ្ជូន មាន ឯកឧត្ដម ស៊ុន ចាន់ថុល ដែលកំពុងបណ្ដែតបណ្ដោយ មិនទទួលខុសត្រូវលើទុក្ខលំបាករបស់ប្រជាពលរដ្ឋ តើឲ្យប្រជាពលរដ្ឋទៅពឹងនរណា? (ប្រសាសន៍របស់សម្ដេច តេជោថា មន្ត្រីមិនមែនជាចៅហ្វាយរបស់រាស្ត្រទេ មន្ត្រីជាខ្ញុំបម្រើដ៏ស្មោះត្រង់របស់រាស្ត្រ)។
យោងតាមច្បាប់រដ្ឋធម្មនុញ្ញ ជំពូកទី៣ មាត្រា ៣៥ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និង វប្បធម៌របស់ប្រទេសជាតិ។
សេចក្ដីស្នើទាំងឡាយរបស់ប្រជាពលរដ្ឋ ត្រូវបានទទួលការពិនិត្យ និង ដោះស្រាយយ៉ាងហ្មត់ចត់ពីអង្គការរដ្ឋ។