នន្ទបុរី, ថៃឡង់ដ៍៖ កាលពីម៉ោង ៧:៣០ នាទីយប់ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ មានភ្លៀងនិងខ្យល់កន្ត្រាក់យ៉ាងខ្លាំង បានវាយប្រហារខេត្តនន្ទបុរី (Nonthaburi) ប្រទេសថៃ ដោយធ្វើឱ្យជញ្ជាំងកញ្ចក់ដ៏ធំនៃផ្សារទំនើបមួយក្នុងតំបន់ ខែរ៉ៃ (Khae Rai) បាក់បែកធ្លាក់មកលើក្រុមភ្ញៀវដែលកំពុងអង្គុយទទួលទានអាហារនៅម្ដុំនោះ ដោយបណ្តាលឱ្យមនុស្សជាច្រើននាក់រងរបួស ហើយត្រូវបុគ្គលិកផ្សារបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ។
តាមការរៀបរាប់របស់អ្នកលក់ដូរនៅក្នុងផ្សារ បានឱ្យដឹងថា មុនពេលកើតហេតុ មេឃបានចាប់ផ្ដើមភ្លៀង និងមានខ្យល់បក់បោកខ្លាំងខុសធម្មតា រហូតដល់ជញ្ជាំងកញ្ចក់ក៏ស្រាប់តែបាក់ស្រុតចុះមកលើតុអាហារតែម្តង។ ភ្លាមៗក្រោយកើតហេតុ ភាគីផ្សារទំនើបបានបិទខ្ទប់តំបន់នោះមិនឱ្យមនុស្សចូល ដើម្បីប្រមូលកម្ទេចកញ្ចក់ចេញ និងរៀបចំជួសជុលឡើងវិញ ។
ក្រៅពីការបាក់បែកជញ្ជាំងកញ្ចក់ក្នុងផ្សារទំនើប ឥទ្ធិពលនៃភ្លៀងធ្លាក់ខ្លាំងនេះ ក៏បានបង្កឱ្យមានការលិចលង់នៅតាមដងផ្លូវមួយចំនួនក្នុងតំបន់នោះផងដែរ។ នៅក្បែរម្ដុំផ្លូវសយប្រាឆាឈឿន-នន្ទបុរី (Soi Prachachuen-Nonthaburi) កម្រិតទឹកជន់លិចមានកម្ពស់ពី ១០ ទៅ ៣០ សង់ទីម៉ែត្រ ដែលធ្វើឱ្យប្រជាពលរដ្ឋ និងសិស្សានុសិស្សមានការលំបាកយ៉ាងខ្លាំងក្នុងការធ្វើដំណើរឆ្លងកាត់តំបន់ទឹកលិច ដើម្បីត្រឡប់ទៅផ្ទះ ឬកន្លែងស្នាក់នៅវិញ ៕
ដោយ:APN.KH.SP |អំណាចព័ត៌មាន|ខៅសតថៃ|
0
ថៃ:មនុស្សជាច្រើននាក់រងរបួសក្នុងហេតុការណ៍ភ្លៀងខ្យល់កន្ត្រាក់ដែលបណ្តាលឱ្យបាក់ជញ្ជាំផ្សារទំនើមបង្កជាទឹកជំនន់លិចផ្លូវ
Filed in: អន្តរជាតិ
