កំពង់ស្ពឺ៖ ជនសង្ស័យម្នាក់ដែលធ្វើសកម្មភាពលួចសម្ភារៈ នៅក្នុងរោងចក្រក្រុមហ៊ុន ខិនធីញូអឺស ឡាក់ឃី (ខេមបូឌា) លីមីតធីត ដែលមានទីតាំងក្នុងភូមិត្រពាំងអំពិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ត្រូវបានឃាត់ខ្លួន និងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥នេះ។
មន្ត្រីកងរាជអាវុធហត្ថខេត្តបាននិយាយឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជា និងមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺរួចមក មន្ត្រី កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបានធ្វើការបញ្ជូនខ្លួនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តកំពង់ស្ពឺជាប់ពាក់ព័ន្ធករណីលួច។
មន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបានបញ្ជាក់ថា កាលពីវេលាម៉ោង០៤និង១៥នាទីរសៀលថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥ ស្ថិតនៅចំណុចក្នុងអគាររោងចក្រ ក្រុមហ៊ុន ខិនធីញូអឺស ឡាក់ឃី (ខេមបូឌា) លីមីតធីត ដែលមានទីតាំងក្នុងភូមិត្រពាំងអំពិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានជនសង្ស័យម្នាក់បានធ្វើសកម្មភាពចូលក្នុងរោងចក្រដើម្បីលួចយកសម្ភារៈ ប៉ុន្តែត្រូវបានសន្តិសុខឃាត់ខ្លួនហើយបានប្រគល់ឱ្យកម្លាំងកងរាជអាវុធហត្ថតែម្តង។
ជនសង្ស័យដែលឃាត់បានមានឈ្មោះ តុប ប៊ុនធឿន ភេទប្រុស អាយុ៣១ឆ្នាំមុខរបរមិនពិតប្រាកដ រស់នៅក្នុងភូមិព្រៃគុយ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ក្រោយឃាត់ខ្លួន ដកហូតវត្ថុតាងរួមមាន÷ ទូរស័ព្ទដៃ០១គ្រឿង,កន្រ្តៃកាត់ដែក០១,ដង្កាប់០១,ដែកជើងម៉ាសុីន០៤កំណាត់ និងកូនសោរសម្រាប់ដោះខ្ចៅមួយចំនួនទៀតផងដែរ។
បច្ចុប្បន្នជនសង្ស័យ រួមជាមួយនិងវត្ថុតាងត្រូវបានកម្លាំងជំនាញមន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើស នៃបញ្ជាការការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កសាងសុំណុំរឿងបញ្ជូទៅសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕ដោយ:apn