ព្រះវិហារ៖ ដើម្បីឱ្យមានសោភ័នភាពតាមដងផ្លូវ ហើយជាប្រយោជន៍មានម្លប់ត្រឈឹងត្រឈៃផងនោះ កាលពីព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥ លោក ប៉ុក ងួន អភិបាលក្រុងព្រះវិហារ បានដឹកនាំក្រុមការងារ ដាំដើមក្ងោកចំនួន៣០០ដើម ដែលមានការចូលរួមពីសមាជិក សមាជិកា ប្រជាពលរដ្ឋជាច្រើនកុះករ។
ការដាំដើមឈើនៅថ្ងៃនេះគឺអាជ្ញាធរខេត្តព្រះវិហារដោយមានការចង្អុលបង្ហាញពីឯកឧត្តម គីម រិទ្ធីអភិបាលនៃគណៈអភិបាលខេត្ត បានជំរុញឲ្យអាជ្ញាធរ ចៅសង្កាត់ប៉ាហាល បានដឹកនាំអាជ្ញាធរភូមិប្រជាការពារ ដាំដើមក្ងោកនៅតាមបណ្ដោយផ្លូវ ចាប់ពីរង្វង់មូល សង្កាត់ប៉ាហាល ទៅដល់ស្ពានទំនប់ 95 ដែលជាតំបន់ទេសចរណ៍ ដើម្បីជាម្លប់ដល់អ្នកធ្វើដំណើរថែមទៀតផង ។
លោក ប៉ុក ងួន អភិបាលក្រុងព្រះវិហារ បានឱ្យដឹងថា នៅព្រឹកនេះ អាជ្ញាធរក្រុងបានរៀបចំពិធីដាំកូនឈើចំនួន៣០០ដើម គឺជាដើមផ្កាក្ងោក ដាំដើម្បីលម្អរ អមសងខាងផ្លូវ ហើយកន្លែងនេះគឺជាតំបន់ទេសចរណ៍មួយ មកលេងកម្សាន្ត ធ្វើឱ្យទាក់ទាញទឹកចិត្តភ្ញៀវជាតិ និងអន្តរជាតិ ឱ្យត្រជាក់ចិត្ត ដិតអារម្មណ៍ តំបន់រម្មណីយដ្ឋានទំនប់៩៥នេះនៅជាប់និងជើងភ្នំដងរែក និងទប់លំនឹងខ្យល់ ជួយទប់ខ្យល់កន្ត្រាក់ថែមទៀតផង។
អ្វីដែលអាជ្ញាធរក្រុងព្រះវិហាររំពឹងទុកនោះគឺនៅពេលដែលដើមក្ងោកធំ ធ្វើឱ្យមានសោភ័នភាពតាមដងផ្លូវ ជាម្លប់ដល់អ្នកធ្វើដំណើរ កំសាន្តនៅពេលឈប់សម្រាកពីការងារ ជួបជុំគ្រួសារមកលំហែលនៅតំបន់នេះផងដែរ៕សួន ពិសិត