ឧត្តរមានជ័យ៖ នៅរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ ២០២៥ មេទ័ពកម្ពុជា-ថៃ បានបើកការចរចារកដំណោះ ស្រាយ ក្រោយប៉ះទង្គិចគ្នាដោយអាវុធនៅព្រំដែនតំបន់មុំបី។
ការបើកការចរចាររវាងមេបញ្ជាការកងទ័ពជើងគោកកម្ពុជា-ថៃ បានចាប់ផ្តើមបើកការចរចានៅច្រកអន្តរជាតិអូរស្មាច់ ដើម្បីរកដំណោះស្រាយ ជុំវិញហេតុការណ៍ប៉ះទង្គិចគ្នារវាងកងទ័ពប្រទេសទាំងពីរនៅតំបន់មុំបី ស្ថិតនៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីព្រឹកថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០២៥។
គួរបញ្ជាក់ថា ភាគីកម្ពុជាដឹកនាំដោយ នាយឧត្តម សេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកកម្ពុជា។ ចំណែកភាគីថៃដឹកនាំដោយ នាយឧត្តមសេនីយ៍ ប៉ាណា ក្លេវផ្លតធូក (Pana Klaewblaudtuk) មេបញ្ជាការកងទ័ពជើងគោកថៃ។
ការចរចានេះ បានធ្វើឡើងបន្ទាប់ពីទាហានថៃបានចូលមកទឹកដីកម្ពុជានៅតំបន់មុំបី ដោយបានផ្ទុះអាវុធបណ្តាលឱ្យទាហានខ្មែរម្នាក់ស្លាប់។ ក្រោយមានព្រឹត្តិការណ៍នេះ កម្ពុជាបានបញ្ជូនកងទ័ពទៅដល់ព្រំដែន ដើម្បីការពារខ្លួនពីការឈ្លានពានទឹកដីពីសំណាក់ទាហានថៃ៕ដោយ: សាន់ រិន្ទ