គណៈប្រតិភូសិក្សាស្រាវជ្រាវ ចំនួន៤០រូប ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៩ ខែឧសភា ឯកឧត្តម គីម រិទ្ធី ប្រធានក្រុមប្រឹក្សាភិបាល ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន
កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ បានចូលរួមថ្លែងសន្ទរកថាគន្លឹះ នៅក្នុងកម្មវិធីបើកនៃ កិច្ចសន្ទនារវាងបក្សកុម្មុយនីស្តចិន ជាមួយបណ្តាគណបក្សនយោបាយនៃប្រទេសជិតខាង លើប្រធានបទ “ការកសាងសហគមន៍ជោគវាសនារួមជាមួយប្រទេសជិតខាង៖ សកម្មភាពរបស់គណបក្សនយោបាយ” ដោយមានការចូលរួមពីប្រតិភូអន្តរជាតិចំនួន ១៦៦រូប តំណាងរដ្ឋាភិបាល គណបក្សនយោបាយ អង្គការសង្គមស៊ីវិល ស្ថាប័នស្រាវជ្រាវ មកពីប្រទេសចំនួន២៩។
ឯកឧត្តម បានលើកឡើងថា តំបន់អាស៊ីក៏បានក្លាយជាក្តីសង្ឃឹម គម្រូនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ និងជាមជ្ឈមណ្ឌលសេដ្ឋកិច្ចពិភពលោក ម្តងទៀត។
ក្នុងរយៈកាលកន្លងមក កម្ពុជាបានចូលរួមជាមួយបណ្តាប្រទេសនានានៅក្នុងតំបន់ ក្នុងកិច្ចប្រឹងប្រែងរួម ដើម្បីនាំមកនូវអនាគតតំបន់អាស៊ី ប្រកបដោយសន្តិភាព វិបុលភាព និងបរិយាប័ន្ន ហើយទំនាក់ទំនងកម្ពុជា-ចិន គឺជាគម្រូនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ ដែលផ្អែកលើការគោរពគ្នាទៅវិញទៅមក គោលដៅអភិវឌ្ឍន៍រួម និងមិត្តភាពយូរអង្វែង។
កម្ពុជាបានវាយតម្លៃខ្ពស់ ចំពោះគំនិតផ្តួចផ្តើម ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ របស់ ឯកឧត្តមប្រធានាធិបតី ស៊ី ជិនភីង ដូចជា “គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ” “គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល” “គំនិតផ្តួចផ្តើមសន្តិសុខសកល” និង “គំនិតផ្តួចផ្តើមអារ្យធម៌សកល” ជាដើម។
ឯកឧត្តម បានបន្តថា កិច្ចសហប្រតិបត្តិការមិនមែនតែរវាងរដ្ឋាភិបាលនិងរដ្ឋាភិបាលប៉ុណ្ណោះទេ គឺត្រូវកសាងទំនាក់ទំនងឱ្យដល់កម្រិតមូលដ្ឋាន ជាពិសេសរវាងយុវជននិងយុវជននៃប្រទេសទាំងពីរ។
ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន គឺជាវេទិកានៃកិច្ចសហប្រតិបត្តិការជាក់ស្តែង ដើម្បីលើកកម្ពស់តួនាទីយុវជន ឱ្យក្លាយជាដៃគូនៃកិច្ចសហប្រតិបត្តិការ នាពេលបច្ចុប្បន្ន និងជាថ្នាក់ដឹកនាំនាថ្ងៃអនាគត ៕
ដោយ:សួន ពិសិដ្ឋ